Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នារសៀលថ្ងៃចន្ទ ១៥ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យការងារធានា និងចិញ្ចឹមទ័ព ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមទិសដៅយុទ្ធសាស្ត្រ និងសម្រេចបាននូវលទ្ធផលជាក់ស្តែង សាកលវិទ្យាល័យការពារជាតិ បានសហការជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពី «បច្ចេកទេសដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វ» នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងចំណេះដឹងទ្រឹស្តី និងផ្តល់ជំនាញអនុវត្តជាក់ស្តែងលើបច្ចេកទេសដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វ ដើម្បីគាំទ្រដល់ការងារធានា និងចិញ្ចឹមទ័ព ព្រមទាំងលើកកម្ពស់សមត្ថភាពនិស្សិតនៃមហាវិទ្យាល័យភស្តុភារ និងហិរញ្ញវត្ថុយោធា ឱ្យអាចយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនៅតាមបណ្តាអង្គភាពនានា បន្ទាប់ពីបញ្ចប់ការសិក្សា ដើម្បីរួមចំណែកពង្រឹងការងារធានា និងចិញ្ចឹមទ័ព ឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងឆ្លើយតបបានកាន់តែល្អប្រសើរចំពោះតម្រូវការជាក់ស្តែងរបស់កងយោធពលខេមរភូមិន្ទ។
នាព្រឹកថ្ងៃច័ន្ទ ១៥ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានដឹកនាំគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិ អញ្ជើញបំពេញទស្សនកិច្ចសិក្សា និងពិភាក្សាការងារនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្នុងគោលបំណងស្វែងរកកាលានុវត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សមត្ថភាពយោធិនជាបុគ្គលិក និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការនៃការអភិវឌ្ឍធនធានមនុស្ស និងការបំពេញភារកិច្ចជូនជាតិ។
នារសៀលថ្ងៃព្រហស្បតិ៍ ១១ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ឯក ឡុង គឹមហេង សាកលវិទ្យាធិការរង (ប្រចាំបញ្ជា) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ បានទទួលជំនួបសម្ដែងសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូមហាវិទ្យាល័យភូមិន្ទយោធានៃបណ្ឌិត្យសភាយោធាកាណាដាដឹកនាំដោយ លោក វរសេនីយ៍ទោ PAUL PAYNE នាយការិយាល័យ អនុពន្ធ័យោធាកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ គួរកត់សម្គាល់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា ក្នុងនាមជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានស្វាគមន៍ និងជំរុញយ៉ាងសកម្មនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ឌិត្យសភាយោធាកាណាដា។ ជាក់ស្ដែង កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សាកលវិទ្យាល័យការពារជាតិ ក្នុងនាមជាម្ចាស់ផ្ទះ និងសហប្រធានរួមជាមួយបណ្ឌិត្យសភាយោធាកាណាដា បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ នៃវេទិកាតំបន់អាស៊ាន (ARF-HDUCIM) ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរ ដែលជាព្រឹត្តិការណ៍មានលក្ខណៈប្រវត្តិសាស្ត្រមួយសម្រាប់សាកលវិទ្យាល័យការពារជាតិ។ បន្ទាប់មក នៅខែធ្នូ ឆ្នាំ២០២៥ ស្ថាប័នទាំងពីរបានសហការរៀបចំវគ្គសិក្សាកម្រិតមធ្យមស្ដីពីច្បាប់នៃជម្លោះប្រដាប់អាវុធ (Law of Armed Conflict) ដោយទទួលបានជោគជ័យផងដែរ។
អនុវត្តយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍របស់ក្រសួងការពារជាតិ សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងសហការជាមួយនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ដើម្បីដំណើរការត្រួតពិនិត្យទ័ព-កូន ចំពោះថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកអប់រំ និស្សិត និងសិក្ខាកាមទាំងអស់ ដែលស្ថិតក្រោមចំណុះសាកលវិទ្យាល័យការពារជាតិ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ។
ក្រោមការយកចិត្តទុកដាក់ និងការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នាថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ន សម្បត្តិ សាកលវិទ្យាធិការរង បានដឹកនាំក្រុមកីឡាបាល់បោះសាកលវិទ្យាល័យការពារជាតិ ចូលរួមប្រកួតកីឡាបាល់បោះឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីអប់រំ»។ ជាលទ្ធផល ក្រុមកីឡាបាល់បោះសាកលវិទ្យាល័យការពារជាតិ បានបង្ហាញនូវសមត្ថភាព បច្ចេកទេស ស្មារតីសាមគ្គីភាព និងការប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈ រហូតដណ្តើមបានជ័យលាភីចំណាត់ថ្នាក់លេខ១ និងគ្រងពានរង្វាន់ប្រចាំឆ្នាំ២០២៦ ដោយជោគជ័យ។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីសក្តានុពល និងគុណភាពរបស់និស្សិតសាកលវិទ្យាល័យការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្សទាំងផ្នែកចំណេះដឹង វិន័យ និងកាយសម្បទា ស្របតាមទិសដៅអប់រំរបស់សាកលវិទ្យាល័យ។ ជ័យជម្នះនេះ គឺជាមោទនភាពដ៏ធំធេងរបស់សាកលវិទ្យាល័យការពារជាតិ និងជាកម្លាំងចិត្តសម្រាប់បន្តសម្រេចសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត។
នាថ្ងៃសៅរ៍ ៦ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានជ័យ បានបន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាកលវិទ្យាល័យការពារជាតិ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងមូលដ្ឋាន ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នារសៀលថ្ងៃច័ន្ទ ១ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យការពារជាតិមានកិត្តិយសបានរៀបចំកម្មវិធីបាឋកថា ក្រោមប្រធានបទ "បរិបទទូទៅនៃបញ្ញាសិប្បនិម្មិត (AI)" ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ បាឋកថានេះមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិក យោធាចារ្យ និងសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិ ក្នុងការស្វែងយល់អំពីឱកាស បញ្ហាប្រឈម និងផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ ចំពោះបរិបទសន្តិសុខ និងការពារជាតិ។ ទន្ទឹមនឹងនេះ ក៏បានរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្សក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិយាកាសបច្ចេកវិទ្យាសកល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ ការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍស្ថាប័នឱ្យកាន់តែទំនើប និងសមស្របតាមតម្រូវការនៃសម័យកាលថ្មី។
នាព្រឹកថ្ងៃអង្គារ ១០ កើត ខែជេដ្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានអញ្ជើញចូលរួមពិធីមិទ្ទិញអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង។
នាព្រហាមមុនថ្ងៃរះនៃថ្ងៃសៅរ៍ ៩ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ តបការអញ្ជើញពីសំណាក់ស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងភ្នំពេញ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ បានដឹកនាំប្រតិភូសាកលវិទ្យាល័យការពារជាតិអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធី ANZAC ឆ្នាំ២០២៦ នៅស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីរំលឹកគុណដល់យុទ្ធជនដែលបានពលីក្នុងសមរភូមិ ក៏ដូចជាយុទ្ធជនដែលកំពុងតែបំពេញភារកិច្ចនានាដូចជាបេសកកម្មរក្សាសន្តិភាពជាដើម។
នាព្រឹកថ្ងៃច័ន្ទ ៤ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ និងសាកលវិទ្យាធិការរង ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និស្សិត និងសិក្ខាកាមទាំងអស់ នៃសាកលវិទ្យាល័យការពារជាតិ មានមហាកិត្តិយស ដោយបានទទួលស្វាគមន៍ និងធ្វើគារវកិច្ចយ៉ាងកក់ក្តៅដ៏ខ្ពង់ខ្ពស់បំផុតចំពោះវត្តមានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃបំផុតអញ្ជើញជាអធិបតីក្នុងពិធី “បិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៥-២០២៦ និងបន្តបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន ឆ្នាំសិក្សា២០២៦-២០២៧” របស់សាកលវិទ្យាល័យការពារជាតិ។ វត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិនាឱកាសនេះគឺជាកត្តាជម្រុញលើកទឹកចិត្តដ៏ធំធេងបំផុត និងបានផ្តល់ភាពកក់ក្តៅទ្វេដងថែមទៀតដល់សាកលវិទ្យាល័យការពារជាតិ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ដោយគោរពដើរតាមមគ្គុទ្ទេសក៍ដឹកនាំ ប្រកបដោយគតិបណ្ឌិតចក្ខុវិស័យវែងឆ្ងាយ ប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពស្រឡាញ់របស់កងទ័ព និងប្រជាជនកម្ពុជា។
នាព្រឹកថ្ងៃសុក្រ ២ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានផ្ដល់កិត្តយសដ៏ខ្ពង់ខ្ពស់អញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ជំនាញគណនេយ្យសាធារណៈ ផ្នែករជ្ជទេយ្យបុរេប្រទានកម្រិតទី១ ជូន និស្សិតជានាយទាហាន នាយទាហានរង និងពលទាហាន នៃសាកលវិទ្យាល័យការពារជាតិ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមក។